លក្ខណៈពិសេសរបស់គ្រួសារ
មានបទចម្រៀងមួយបទច្រៀងនៅថ្នាក់ព្រះបន្ទូលតាំងពីយូរណាស់ហើយ តែធ្វើឲ្យខ្ញុំនៅតែនឹកឃើញ។ បទចម្រៀងនោះធ្វើបន្ទាល់ពីព្រះពររបស់ព្រះយេស៊ូវចំពោះអ្នកផ្សះផ្សាគេ «ខ្ញុំមានសេចក្តីសុខសាន្ត ដែលលើសពីការយល់ដឹងដល់ជម្រៅចិត្តខ្ញុំ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបទចម្រៀងនេះហាក់បីដូចជាបាត់អ្វីមួយ។ សេចក្តីសុខសាន្តរបស់ព្រះជាម្ចាស់ជាអំណោយទាន ធ្វើឲ្យយើងមានអំណរក្នុងចិត្ត កាលណាយើងជាប់ក្នុងវត្តមានព្រះអង្គ (យ៉ូហាន ១៤:២៧១៦:៣៣)។ តែព្រះអង្គមិនចង់ឲ្យយើងទុកសេចក្តីសុខសាន្តនោះសម្រាប់តែខ្លួនឯងទេ។ សេចក្តីសុខសាន្តគឺជាអំណោយមកពីព្រះជាម្ចាស់សម្រាប់ចែកជូនដល់មនុស្សនៅជុំវិញយើង។ ក្នុងនាមយើងជាគ្រីស្ទបរិស័ទ យើងគួរតែបង្ហាញទំនាក់ទំនង និងលក្ខណៈពិសេសទៅដល់មជ្ឈដ្ឋានក្រុមជំនុំរបស់យើង។
នៅក្នុងសេចក្តីអធិប្បាយនៅលើភ្នំ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ » (ម៉ាថាយ ៥:៩) មានន័យថា យើងត្រូវតែមានបំណងក្នុងការនាំសេចក្តីសុខសាន្តដល់ទំនាក់ទំនងរបស់យើង។ ចាប់តាំងពីយើងឆាប់បង្កបញ្ហា ផ្ទុយពីមនុស្សនាំការផ្សះផ្សា នេះជាមេរៀនសំខាន់សម្រាប់អ្នកហើយ។ តើអ្នកត្រូវនាំការផ្សះផ្សាដោយរបៀបណា? អ្នកនាំការផ្សះផ្សាគឺជាមនុស្សទាំងឡាយណា ដែលបែរឲ្យគេទះម្ខាងទៀត(ខ.៣៩) ទៅ២យោជន៍ជាមួយគេ (ខ.៤១) ស្រឡាញ់ខ្មាំងសត្រូវ ព្រមទាំងទូលអង្វរព្រះជាម្ចាស់ប្រទានពរដល់អ្នកដែលបៀតបៀនពួកគេ (ខ.៤៤)។
ហេតុអ្វីបានជាយើងត្រូវធ្វើដូច្នេះ? ព្រោះព្រះជាម្ចាស់ជាអ្នកផ្សះផ្សា កាលណាយើងផ្សះផ្សាគេ នោះយើងក្លាយជាបុត្រព្រះជាម្ចាស់ (ខ.៩)។ ការផ្សះផ្សាគឺជាលក្ខណៈពិសេសរបស់គ្រួសារយើង ។-Joe Stowell
ព្រះជាម្ចាស់សម្អាតដំណាក់ព្រះអង្គ
ព្រះជាម្ចាស់សម្អាតដំណាក់ព្រះអង្គនៅរដូវស្លឹកឈើជ្រុះសប្តាហ៍នេះ។ ព្រះអង្គបញ្ជាខ្យល់បក់កាត់តាមផ្ទះអ្នកជិតខាងយើង ធ្វើឲ្យដើមឈើរង្គើ និងញ័រដើមជ្រុះស្លឹកងាប់។ ពេលខ្យល់បក់រួចហើយ ខ្ញុំត្រូវតែបោសសម្អាតវាចេញ។
នៅក្នុងជីវិតខ្ញុំផ្ទាល់ ជួនកាលព្រះជាមា្ចស់ធ្វើការស្រដៀងគ្នានេះដែរ។ ព្រះអង្គបញ្ជូន ឬអនុញ្ញាតឲ្យព្យុះភ្លៀងកើតឡើងដើម្បីជម្រុះខ្នែង ឬស្លឹកងាប់ចេញ។ ខ្ញុំមិនចង់ជម្រុះវាចេញទេ ព្រោះខ្ញុំគិតថា វាមិនទាស់អីផង តែតាមពិតទៅ វាលែងបង្កើតផលផ្លែទៀតហើយ។ ជាទូទៅវាជារឿងរ៉ាវមិនល្អ ដូចជាទម្លាប់អាក្រក់ ធ្វើឲ្យខ្ញុំមានចិត្តរឹងរូស ដែលជាឧបសគ្គរាំងស្ទះការរីកចម្រើនថ្មីៗ។
ព្យាការីយ៉ូណាសក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ រកឃើញថាអ្វីៗកើតឡើងដោយសារតែយើងមិនព្រមជម្រុះចរិតរឹងរូសចោល។ ដោយសារតែគាត់ស្អប់អ្នកក្រុងនីនីវេ ជាងស្រឡាញ់ព្រះជាម្ចាស់ ហេតុដូច្នេះហើយបានជាព្រះអង្គធ្វើឲ្យមានព្យុះបោកបក់មកលើទូកគាត់ជិះ ហើយត្រីធំលេបគាត់ចូលក្នុងពោះបីថ្ងៃ(យ៉ូណាស ១:៤,១៧)។ ទោះជាយ៉ាងនេះក្តី ព្រះជាម្ចាស់បានទុកជីវិតគាត់ ហើយផ្តល់ឱកាសឲ្យគាត់ជាលើកទីពីរទៅប្រកាសដំណឹងល្អនៅទីក្រុងនោះ (២:១០ ៣:១-៣)។
មែកណាមិនបង្កើតផលប្រៀបបាននឹងអត្តចរិតរឹងរូស ដែលព្រះជាម្ចាស់ចង់ឲ្យខ្ញុំជម្រុះចោល។ នៅក្នុងសំបុត្រលោកប៉ុលសរសេរទៅកាន់ទីក្រុងអេភេសូរ មានដូចជាសេចក្តីជូរល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្តីអាក្រក់(៤:៣១)។ នៅពេលព្រះជាម្ចាស់អង្រួនការទាំងនោះ យើងត្រូវជម្រុះវាចោលទៅ។-Julie Ackerman Link
និយាយពីរភាសា
តើ វាអាចទៅរួចទេ នៅក្នុងសង្គមមួយដែលកើនឡើងផ្ទុយគ្នា ពីដំណឹងល្អ គឺការប្រកាសដំណឹងល្អជាមួយអ្នកដែលមិនចេះចែកចាយជំនឿរបស់ខ្លួន?
មានវិធីមួយទាក់ទងជាមួយមនុស្សដែលមិនធ្លាប់ឮដំណឹងល្អគឺធ្វើយ៉ាងម៉េចបន្ស៊ីនឹងវប្បធម៌របស់ពួកគេ តាមលក្ខណៈភាសាពីរ។ យើងទាក់ទងតាមរបៀបនេះ មានភាពងាយស្រួលជាង។ ដូចជាយើងត្រូវចេះភ្លេង ពិភាក្សាអំពីភ្លេង កុន កីឡា និងទូរទស្សន៍ជាដើម ឧទាហរណ៍ទាំងនេះគឺជាឱកាសចាប់ផ្តើមទំនាក់ទំនងជាមួយពួកគេ។ ប្រសិនបើអ្នកស្រុកឮយើងនិយាយភាសារបស់ពួកគេ ដោយមិនមាក់ងាយ ឬចំអកប្រព័ន្ធផ្សព្វផ្សាយនោះទេ វាជាឱកាសបើកទ្វារឲ្យយើងចែកចាយដំណឹងល្អរបស់ព្រះគ្រីស្ទ ដែលគ្មានទីបញ្ចប់។
លោកប៉ុលបានបង្ហាញគំរូនេះ តាមរយៈគម្ពីរកិច្ចការ១៧។ នៅពេលលោកប៉ុលចុះទៅអ៊ើរីយ៉ូស ក្នុងក្រុងអាថែន គាត់បានប្រកាសយ៉ាងមុតមាំ ជាពិសេសទៅកាន់អ្នកមិនជឿ ដោយដកស្រង់សម្តីកវីនិពន្ធក្រិកយោងទៅលើគុណតម្លៃខាងវិញ្ញាណ ដែលពួកគេអាចទំនាក់ទំនងបាន។ លោកប៉ូលមានប្រសាសន៍ថា៖ «ដ្បិតគឺដោយសារទ្រង់ហើយ ដែលយើងរាល់គ្នាបានរស់ កំរើក ហើយមាននៅផង ដូចជាពួកលើកកំណាព្យខ្លះរបស់អ្នករាល់គ្នា បាននិយាយដែរថាមនុស្សយើងជាពូជព្រះដែរ» (កិច្ចការ ១៧:២៨)។ ដូចជាលោកប៉ុលបានលើកឡើងអំពីការស្គាល់វប្បធម៌របស់ពួកគេ ដែលយើងអាចបញ្ជ្រាបដំណឹងល្អតាមរយៈវប្បធម៌ពួកគេបានដោយងាយ។
តើលោកអ្នកកំពុងតែនាំដំណឹងល្អដល់អ្នកជិតខាង ឬក៏ជាអ្នកបម្រើដំណឹងល្អ? សូមព្យាយាមធ្វើជាអ្នកនិយាយពីរភាសា។-Bill Crowder
មិត្តសំឡាញ់ជួបគ្នាតាមផ្លូវ
ខ្ញុំ ចូលចិត្តដើរតាមផ្លូវផ្សេងៗពីគ្នា ព្រោះថាមានទេសភាព និងសម្រស់ធម្មជាតិនៅជុំវិញ។ ខ្ញុំតែងតែរំលឹកខ្លួនឯងថា ផ្លូវទាំងនេះជានិមិត្តសញ្ញានៃដំណើរជីវិតខាងវិញ្ញាណ បើគេមើលទៅដំណើរជីវិតធម្មតារបស់គ្រីស្ទបរិស័ទ ដើររួមជាមួយព្រះយេស៊ូវ ដែលជាមិត្តសំឡាញ់ និងអ្នកនាំផ្លូវ ។ ទ្រង់យាងកាត់ទឹកដីប៉ាឡេស្ទីនពីម្ខាងទៅម្ខាងទៀត រួចនាំពួកសិស្សស្រែកប្រកាសថា៖ «ចូរមកតាមខ្ញុំ»(ម៉ាថាយ ៤:១៩)។
ដំណើរជីវិតមិនមែនសុទ្ធតែ ស្រួលរហូតនោះទេ។ ជួនកាលក៏ចង់បោះបង់ចោលស្រួលជាងបន្តដំណើរទៅមុខទៀត ប៉ុន្តែពេលពិបាកដោះស្រាយ យើងអាចសម្រាកយកកម្លំាំងចាំទៅមុខទៀត។ នៅក្នុង Pilgrim’s Progress លោកចន ប៊ុនយ៉ាន បានពិពណ៌នាថា ដើមឈើនៅលើភ្នំជាកន្លែងដែលគ្រីស្ទបរិស័ទឈប់ដកដង្ហើម មុនពេលបន្តដំណើរទៀត។ តម្រារបស់គាត់សម្រាលបន្ទុក និង រំលឹកអំពីវត្តមានព្រះអម្ចាស់ និងព្រះចេស្តារបស់ព្រះអង្គស្ថិតស្ថេរនៅជាដរាប។ ពេលមានខ្យល់ដកដង្ហើមស្រួលហើយ គាត់អាចបន្តដំណើរបានទៀត។
មានតែព្រះអម្ចាស់ទេ ដែលដឹងថានាំយកទៅណា តែព្រះជាម្ចាស់បានអះអាងថា «ខ្ញុំនៅជាមួយអ្នករាល់គ្នាជាដរាបតទៅ» (ម៉ាថាយ ២៨-២០)។ នេះមិនមែនជាការប្រៀបធៀប ឬអួតពីពាក្យពេចន៍នោះឡើយ។ ទ្រង់ពិតជាមិត្តដ៏ល្អមែន។ គ្មានម៉ោងណាមួយ ដែលមិនត្រូវការវត្តមានព្រះអង្គឡើយ សូម្បីតែរត់លើសមួយម៉ាយក៏មិនអាចអត់ទ្រង់ឡើយ។ យើងដឹងថា ទ្រង់គង់ជាមួយយើងធ្វើឲ្យពន្លឺជីវិតបំភ្លឺឡើង ។-David Roper
ចូរប្រយ័ត្ន!
ពេលភ្នាក់ងាររដ្ឋាភិបាលហ្វឹកហ្វឺនបុគ្គលិកធនាគារ ឲ្យចេះកំណត់ប្រាក់ក្លែងក្លាយ នោះពួកគេអាចបញ្ជាក់ថាប្រាក់ណាក្លែងក្លាយ ប្រាក់ណាពិតប្រាកដ។ ដើម្បីលុបបំបាត់ការក្លែងបន្លំក្រដាសប្រាក់ ពួកគេត្រូវស្វែងរកភាពខុសគ្នារវាងក្រដាសប្រាក់ពិតប្រាកដ និងក្រដាសប្រាក់ក្លែងក្លាយ គឺពួកគេមិនស្វែងរកលក្ខណៈស្រដៀងគ្នានោះឡើយ។
នៅក្នុងបទគម្ពីរ១យ៉ូហាន ២ លោកយ៉ូហានជួយអ្នកជឿឲ្យចេះការពារខ្លួនពីពួកបោកបញ្ឆោត ដោយបង្ហាញគំរូរបស់គ្រូបង្រៀន និងគ្រីស្ទបរិស័ទក្លែងក្លាយ។ មានសញ្ញាសម្គាល់មួយនៅសម័យចុងក្រោយនេះ គឺពួកប្រឆាំងព្រះគ្រីស្ទ(១យ៉ូហាន ២:១៨)។ ពួកប្រឆាំងព្រះគ្រីស្ទ គឺអស់អ្នកណាដែលប្រកាសថា មានប្ញទ្ធានុភាព និង សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ តែតាមពិតពួកគេមិនមានទេ ឬក៏អស់អ្នកណាដែលបដិសេធ និងប្រឆាំងព្រះគ្រីស្ទ និង សេចក្តីបង្រៀនរបស់ព្រះគ្រីស្ទ។
លោកយ៉ូហានបានបង្ហាញសញ្ញាសម្គាល់៣យ៉ាងរបស់គ្រូក្លែងក្លាយ ដែលគ្រប់គ្រងដោយវិញ្ញាណអាក្រក់ និងពួកប្រឆាំងព្រះគ្រីស្ទ៖ ពួកគេមិនមែនជាគ្នាយើងទេ(ខ.១៩) ពួកគេបដិសេធមិនទទួលស្គាល់ព្រះគ្រីស្ទ (ខ.២២) ពួកគេបោកបញ្ឆោតអ្នកជឿចេញពីព្រះយេស៊ូវ(ខ.២៦)។ លោកយ៉ូហានលើកទឹកចិត្តអ្នកជឿឲ្យចេះការពារខ្លួនប្រឆាំងនឹងវិញ្ញាណនៃពួកប្រឆាំងព្រះគ្រីស្ទ ដោយពឹងផ្អែកលើវត្តមានព្រះវិញ្ញាណបរិសុទ្ធ ស្គាល់សេចក្តីពិត និងនៅជាប់នៅជាមួយព្រះយេស៊ូវ។
យើងអាចការពារខ្លួនពីកំហុស និងការភាន់ច្រឡំទាំងឡាយ ស្វែងយល់កំហុស របស់យើងដោយសេចក្តីពិត គឺជាព្រះយេស៊ូវគ្រីស្ទ។-Marvin Williams
អាហាររបស់កូនក្មេង
តើ អ្នកធ្លាប់ភ្លក្សអាហាររបស់កូនក្មេងទេ? ខ្ញុំធ្លាប់ វាមានរសជាតិសាប។ ដោយសារកូនក្មេងទើបកើតមកគ្មានធ្មេញ គ្មានអាហារណាផ្សេងទៀតសម្រាប់ក្មេងឡើយ។ កូនក្មេងមិនអាចបរិភោគសាច់បានទេ!
គួរឲ្យសោកស្តាយណាស់ ដែលគ្រីស្ទបរិស័ទមួយចំនួនស្កប់ចិត្តនឹងអាហារទន់ខាងវិញ្ញាណ។ ពួកគេសប្បាយចិត្តនឹងរៀនអំពីបឋមសិក្សានៃសេចក្តីពិត ហើយមិនចង់រៀនអ្វីលើសពីមូលដ្ឋានគ្រឹះនៃដំណឹងល្អឡើយ (ហេព្រើរ ៦:១-២)។ ដោយសារតែមិនចង់រៀនឲ្យស៊ីជម្រៅអំពីសេចក្តីពិត និងបទគម្ពីរផ្សេងទៀត ជាហេតុធ្វើឲ្យពួកគេមិនបានយល់ព្រះបន្ទូលនៃសេចក្តីសុចរិត និងជំនឿដ៏ត្រឹមត្រូវឡើយ(៥:១៣)។ ពួកគេជឿព្រះអង្គយូរឆ្នាំហើយ តែសមត្ថភាពខាងវិញ្ញាណរបស់ពួកគេមិនបានអភិវឌ្ឍសោះ ព្រោះពួកគេនៅតែជាកូនខ្ចី។
កាលណាកុមាររីកលូតលាស់ខាងរូបកាយ ពួកគេរៀនបរិភោគអាហាររឹង ដែលផ្តល់កម្លាំង និងជីវិត។ ដូចគ្នានេះដែរ អ្នកជឿព្រះអង្គគ្រប់រូបគួរតែបរិភោគអាហាររឹងៗខាងវិញ្ញាណ។ បើអ្នកខកខានមិនបានបរិភោគអាហាររឹងៗ អ្នកនឹងទន់ខ្សោយ ហើយក៏មិនរីកលូតលាស់ឡើយ។
អ្នកអាចប៉ាន់ប្រមាណអាយុរបស់បុគ្គលណាម្នាក់បាន ដោយសារតែសម្លឹងមើលរាងកាយពួកគេ។ អាយុកាលខាងវិញ្ញាណនឹងសម្តែងចេញមកក្រៅតាមរយៈសមត្ថភាព ញែកការល្អចេញពីការអាក្រក់ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
តើអ្នកមានសមត្ថភាពស្វែងយល់ខាងវិញ្ញាណហើយឬនៅ? ឬក៏អ្នកនៅតែត្រូវការអាហារទន់ៗខាងវិញ្ញាណនៅឡើយ?។-C.P. Hia
រឿងសោកសង្រេងតាំងពីដើមដល់ចប់
ក្រុងយេរូសាឡឹមហ៊ុំព័ទ្ធជុំវិញដោយអណ្តាតភ្លើង រួចព្យាការីយេរេមាទួញយំសោក។ ទំនាយរបស់គាត់ថ្លែងពីការជំនុំជម្រះរបស់ព្រះជាម្ចាស់ ដែលមនុស្សភាគច្រើនមិនបានយកចិត្តទុកដាក់។ ឥឡូវនេះ ទំនាយរបស់លោកបានសម្រេចហើយ។ កណ្ឌគម្ពីរបរិទេវដ៏ខ្លីនេះ បានកត់ត្រានូវសោកសង្រេងអំពីការបំផ្លាញក្រុងយេរូសាឡឹម។
លោកយេរេមាបានសរសេរកណ្ឌគម្ពីរនេះ ដោយប្រើអក្សរហេព្រើរចំនួនប្រហែល២២ប៉ុណ្ណោះ គឺជាវិធីសាស្រ្តមួយដែលធ្វើឲ្យអ្នកអាន ងាយចងចាំសាច់រឿងនេះ។ ទោះជាយ៉ាងណាក៏ដោយ វិធីសាស្រ្តនេះមិនបានបង្រួញទុក្ខសោករបស់គាត់ឡើយ។ លោកបានចំណាយពេលសញ្ជឹងគិត និងឆ្លុះបញ្ចាំងអំពីខ្លួនគាត់ ដូចជាសរសេរពីការឈឺចាប់របស់គាត់។ អ្នកអាចគិតថា លោកកំពុងតែរៀនរងទុក្ខលំបាកពីដើមរហូតដល់ចប់។
នៅចំកណ្តាលទុក្ខវេទនានោះ គាត់បានទទួលការសម្រាលទុក្ខមកពីព្រះជាម្ចាស់។ ដោយការរំលឹកអំពីអធិបតេយ្យភាព និងការល្អរបស់ព្រះជាម្ចាស់បានផ្តល់ក្តីសង្ឃឹម ដែលគាត់ត្រូវប្រឈមមុខនៅពេលអនាគត។ «ដ្បិតព្រះអម្ចាស់ ទ្រង់មិនបោះបង់ចោលនៅជាដរាបទេ តែទោះបើទ្រង់ធ្វើទុក្ខក៏ដោយ គង់តែទ្រង់នឹងអាណិតមេត្តា ដោយសេចក្តីសប្បុរសដ៏បរិបូររបស់ទ្រង់ដែរ»(បរិទេវ ៣:៣១-៣២)។
បើអ្នកឆ្លងកាត់បទពិសោធន៍ឈឺចាប់ណាមួយនៅពេលថ្មីៗនេះ ចូរប្រើប្រាស់ពេលវេលាឈឺចាប់របស់អ្នក ឆ្លុះបញ្ចាំងពីការល្អរបស់ព្រះជាម្ចាស់វិញ។ រួចមក អ្នកនឹងទទួលបានបទពិសោធន៍នៃការសម្រាលទុក្ខ និងក្តីសង្ឃឹមនាពេលអនាគត។-Dennis Fisher
ចូរបង្ហាញថា អ្នកជានរណា
ពេល ខ្ញុំរង់ចាំទទួលការពិនិត្យសុខភាពនៅមន្ទីរពេទ្យមួយ ខ្ញុំឃើញស្លាកសញ្ញាមួយនៅលើជញ្ជាំងបង្ហាញពីការសុគតរបស់ព្រះគ្រីស្ទ។ ក្រោយមកគ្រូពេទ្យបានសួរសំនួរខ្ញុំជាច្រើនតាមរបៀប រដ្ឋបាលរួមមាន៖ «តើអ្នកចង់ដឹងពីព្រះជាម្ចាស់ទេ? ព្រោះខ្ញុំត្រូវទៅប្រាប់លោកគ្រូខ្ញុំឲ្យដឹង»។ ខ្ញុំឆ្លើយតបថា៖«ខ្ញុំអរគុណច្រើនណាស់ តែខ្ញុំគិតថាសំនួរដូចជាមិនសូវសមនឹងស្ថានភាពបច្ចុប្បន្ន»។ អ្នកសួរឆ្លើយតបដោយញញឹមវិញថា៖ «មន្ទីរពេទ្យយើងអនុវត្តតាមជំនឿលើព្រះជាម្ចាស់ ព្រោះវាជាចំណែកនៃបេសកកម្មរបស់យើង»។ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបុគ្គលិកមន្ទីរពេទ្យ ដែលមិនខ្លាចប្រកាសថាខ្លួនគេជានរណាក្នុងចំណោមអ្នកមិនជឿ និងមនុស្សទូទៅ។
លោកពេត្រុសបានលើកទឹកចិត្តក្រុមអ្នកជឿនៅសតវត្សទី១ ដែលបានបែកខ្ញែកគ្នាដោយការបៀតបៀន ហើយកំពុងតែរស់នៅក្នុងភាពភ័យខ្លាចថា មិនថាព្រះពរ និងការឈឺចាប់សុទ្ធតែដើម្បីប្រយោជន៍ព្រះជាម្ចាស់ទាំងអស់។ «តែទោះបីអ្នករងទុក្ខលំបាកព្រោះតែការល្អក៏ដោយ នោះព្រះជាម្ចាស់នឹងប្រទានរង្វាន់ដល់អ្នក។ ដូច្នេះ កុំព្រួយបារម្ភឡើយ ផ្ទុយទៅវិញ អ្នកត្រូវថ្វាយបង្គំព្រះគ្រីស្ទជាម្ចាស់លើជីវិតអ្នកវិញប្រសើរជាង។ ហើយបើមានអ្នកណាសួរនាំអ្នកអំពីជីវិតរស់នៅជាគ្រីស្ទបរិស័ទ ចូរត្រៀមខ្លួនពន្យល់គេចុះ » (១ពេត្រុស ៣:១៤-១៥ )។
ដូចជាស្រ្តីម្នាក់នៅមន្ទីរពេទ្យ ហ៊ានប្រកាសអំពីគោលជំនឿ។ ដូច្នេះ យើងក៏អាចធ្វើបានដែរ។ ប្រសិនបើគេរិះគន់ ឬមើលងាយយើងដោយសារយើងជឿព្រះគ្រីស្ទ យើងគួរឆ្លើយតបទៅគេវិញដោយចិត្តសុភាព និងការគោរព។ យើងមិនគួរខ្លាចក្នុងការបង្ហាញខ្លួនថា ជាអ្នកជឿព្រះអង្គឡើយ។-David McCasland
ផ្លូវនាំទៅរកព្រះពរ
លោករ៉ូប៊ីន និងលោកស្ទីវ មានព័ន្ធកិច្ចផ្តល់ការប្រឹក្សាយោបល ដែលពួកគាត់រកប្រាក់ចំណូលបានតិចតួច។ ពេលថ្មីៗនេះ មានគ្រួសារមួយជួបវិបត្តិគ្រួសារ បង្ខំឲ្យពួកគាត់ត្រូវធ្វើដំណើរតាមរថយន្តទាំងទៅទាំងមកសរុបជាង៥០០០ម៉ាយ។ បន្ទាប់ពីបានដោះស្រាយបញ្ហារួចហើយ ពួកគេក៏ត្រឡប់មកផ្ទះវិញ។ ពេលបើកបាន២០០០ម៉ាយ រថយន្តក៏ចាប់ផ្តើមមានឮសម្លេងខុសពីធម្មតានៅត្រង់ម៉ាស៊ីន។ ជាងឡានក៏ឆែកមើល ហើយប្រាប់គាត់ថា៖ «ធ្វើវារួចហើយ តែអ្នកត្រូវតែទិញម៉ាស៊ីនថ្មីមកផ្លាស់»។
ពួកគេគ្មានលទ្ធភាពទិញម៉ាស៊ីនថ្មីទេ ដូច្នេះក៏បង្ខំចិត្តបើករថយន្តមកផ្ទះវិញ។ ក្នុងពេលបីថ្ងៃ គម្របប្រេងម៉ាស៊ីនក៏បាត់ ។ ពួកគេអធិស្ឋានទៅរកព្រះអង្គ។ ក្រោយមកពួកគេដើរយឺតៗតាមផ្លូវចូលផ្ទះ។ ស្រាប់តែពួកគេបានឮរថយន្តបេសកជន ដែលជួយប្រជាជននៅទីនោះ។ ពួកគេមានការអស្ចារ្យក្នុងចិត្តជាខ្លាំងដោយសារ គេប្តូរម៉ាស៊ីនថ្មីឲ្យដោយមិនគិតលុយ។ បើសិនលោកស្ទីវត្រូវជួសជុលរថយន្តរបស់គាត់នៅតាមផ្លូវវិញ គាត់នឹងចំណាយលុយរាប់ពាន់ផោន ដែលគាត់គ្មានលទ្ធភាពសោះ។
នៅក្នុងគម្ពីរនិក្ខមនំ១៥ ពេលជនជាតិអ៊ីស្រាអែលនៅវាលរហោស្ថាន មានពេលមួយនោះពួកគេអត់ទឹកប្រើប្រាស់៣ថ្ងៃ ហើយមិនដឹងទៅរកទីណា។ ប៉ុន្តែព្រះជាម្ចាស់ជ្រាបពីបញ្ហានេះ។ ចម្លើយរងចាំពួកគេនៅម៉ារ៉ា (ខ.២៥) និង អេលីម (ខ.២៧)។ ចូរចងចាំថា ព្រះជាមា្ចស់មិនត្រឹមតែផ្គត់ផ្គង់ទឹកតាមតម្រូវការប៉ុណ្ណោះទេ តែព្រះអង្គឲ្យគេបានសម្រាកទៀតផង។ មិនថាស្ថានភាពអ្នកលំបាកលំបិនប៉ុណ្ណា យើងជឿទុកចិត្តថា ព្រះអង្គនៅតែដឹកនាំយើង។ ព្រះអង្គជ្រាបថា យើងពិតជាត្រូវការអ្វី ហើយទៅរកនៅកន្លែងណា។-Dave Branon
សុវត្ថិភាពដ៏ពិតប្រាកដ
កំឡុងពេលសង្រ្គាមត្រជាក់ ជាសម័យកាលចលាចលរវាងមហាអំណាចធំៗពីរនៅលើពិភពលោក នាពាក់កណ្តាលសតវត្សទី២០ គឺមនុស្សភាគច្រើនរស់នៅក្រោមការគំរាមកំហែងរបស់អាវុធនុយក្លេអ៊ែរ។ វាធ្វើឲ្យខ្ញុំនឹកឃើញដល់វិបត្តិមីស៊ីលរបស់ប្រទេសគុយបា នាឆ្នាំ១៩៦២ យើងគ្រប់គ្នាគិតថា អ្វីៗនឹងត្រូវរលាយសាបសូន្យ។ពេលនោះខ្ញុំទើបតែឈានចូលអាយុ១១ឆ្នាំប៉ុណ្ណោះ។
អ្វីដែលធ្វើឲ្យខ្ញុំនឹកចងចាំជាងគេ នោះគឺការជ្រួលច្របល់នៅសាលារៀន។ ពេលណាឮសម្លេងកណ្តឹងរោទិ៍ យើងត្រូវក្រាបក្រោមតុ ការពារខ្លួនពីគ្រាប់បែកអាតូមិក។ បើខ្ញុំក្រឡេកមើលក្រោយវិញ វាសរបញ្ជាក់ថា គ្មានអ្វីមួយអាចជួយសង្រ្គោះខ្ញុំពីវាលពិឃាតនៃអាវុធនុយក្លេអ៊ែរទេ។ វាធ្វើឲ្យខ្ញុំយល់ច្រឡំអំពីសុវត្ថិភាពដ៏ពិតប្រាកដ។
ទោះបីជាពេលនេះ យើងមិនបានទទួលការគំរាមដូចជាពេលនោះក្តី តែការភ័យខ្លាចនៅតែមាន ភាគច្រើនយើងមានការភ័យខ្លាចខាងវិញ្ញាណទៅវិញ។ បទគម្ពីរអេភេសូរ ៦:១២ រំលឹកយើងថា «ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនឹងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយនេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ»។ វាពិតជាបច្ចាមិត្តដ៏ខ្លាំងក្លាមែន តែព្រះជាម្ចាស់នៃយើងនឹងការពារយើងដោយសេចក្តីស្រឡាញ់(រ៉ូម ៨:៣៥, ៣៨-៣៩ ) ហើយអាវក្រោះជាប្រភពធនធានខាងវិញ្ញាណ(អេភេសូរ ៦:១៣-១៧)។
ចំាមើលថាតើ បានលទ្ធផលយ៉ាងណាដែរ។ ពេលយើងតយុទ្ធជាមួយសត្រូវបែបនេះ «គឺក្នុងសេចក្តីទាំងនោះ យើងខ្ញុំវិសេសលើសជាងអ្នកដែលមានជ័យជំនះទៅទៀត ដោយសារព្រះអង្គដែលទ្រង់ស្រឡាញ់យើង»(រ៉ូម៨:៣៧)។ ព្រះបិតាគង់នៅស្ថានសួគ៌នឹងប្រទានក្តីសុខសាន្តដ៏ពិតដល់យើង។-Bill Crowder